ពត៍មានថ្មីៗ

អាមេរិកប្រកាស​ ដក​​ជំនួយ​ផ្តល់​​ដល់ គ.ជ.ប សម្រាប់​ការ​​បោះ​ឆ្នោត ២០១៨


ស្រ្តី​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត ក្នុងហិបឆ្នោត​នៅ​ការិយា​ល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​បោះឆ្នោត​ឆ្នាំ ២០១៣។ ហុង មិនា អាមេរិក​ ដក​​ជំនួយ​ផ្តល់​​ដល់ គ.ជ.ប សម្រាប់​ការ​​បោះ​ឆ្នោត ២០១៨ Fri, 17 November 2017 ភ្នំំពេញ ប៉ុស្តិ៍ ភ្នំពេញៈ សហរដ្ឋអាមេរិក នឹង​ចាត់​វិធាន​ការ​ជា​ជំហាន​ចម្បងៗ​ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ដ៏​គួរ​ឲ្យ​សោក​​ស្តាយ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា។ ជា​ជំហាន​ដំបូង អាមេរិក​នឹង​បញ្ឈប់​ការ​គាំទ្រ​ដល់ ​គ.ជ.ប និង​ផ្នែក​រដ្ឋបាល​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍ ដោយ​អ្នក​នាំ​ពាក្យ ស្តីពី​ដំណើរ​ថយ​ក្រោយ នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ កាល​ពី​ខែ​មេសា សហរដ្ឋ​អាមេរិក បាន​ប្រកាស​ផ្តល់​ជំនួយ ១.៨ លាន​ដុល្លារ ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ​សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​សហរដ្ឋ​អាមេរិក ចុះថ្ងៃទី ១៦ វិច្ឆិកា​​​បាន​ឲ្យ​ដឹង​ថា « វា​កំពុង​ក្លាយ​ជា​ភស្តុតាង​កាន់​តែ​ច្បាស់​ឡើង​ចំពោះ​ពិភព​លោក​ថា ការ​ដាក់​កម្រិត​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​សង្គម​ស៊ីវិល ការ​សង្កត់​សង្កិន​មក​លើ​សារព័ត៌មាន និង​ការ​ហាម​ឃាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាង ១០០​នាក់ ពី​ការ​​ធ្វើ​សកម្មភាព​នយោបាយ បាន​រុញ​ច្រាន​ការ​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា ឲ្យ​ដើរ​ថយ​ក្រោយ​យ៉ាង​គំហុក និង​បាន​ដាក់​ឲ្យ​កំណើន​សេដ្ឋកិច្ច និង​កិត្តិនាម​អន្តរជាតិ​របស់​ខ្លួន ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់»។ សហរដ្ឋអាមេរិក​បញ្ជាក់​ទៀត​ថា «ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ នឹង​គ្មាន​ភាព​ស្រប​ច្បាប់ ត្រឹមត្រូវ ភាព​សេរី ឬ​យុត្តិធម៌​ឡើយ»។ តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​ កាលពីម្សិលមិញ​ បាន​សម្រេច​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​ហាម​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន​ ១១៨ ​នាក់ មិន​​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​​ចំនួន ៥ ​ឆ្នាំ​ផង​ដែរ​ ខណៈដែល សហភាព​អឺរ៉ុប និង​ប្រទេស​​អូស្ត្រាលី ក៏បានចេញសេចក្តីថ្លែងការណ៍ សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលាយ​​គណបក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា​នេះ។ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​អូស្ត្រាលី​ថា «សកម្មភាព​នេះ​ជា​ស្ថានភាព​ដ៏អាក្រក់​ដល់​កំពូល​ក្នុង​ចំណោម​សកម្មភាព​ដ៏យ៉ាប់យឺន​ជា​បន្តបន្ទាប់ រួម​មាន​ការ​កាត់បន្ថយ​សេរីភាព​សារពត៌មាន ការ​រឹតត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល និង​ការ​គំរាម​គំហែង​លើ​សម្លេង​ប្រឆាំង ជាពិសេស​គឺ​ការ​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា»។ ទាំងសហភាពអឺរ៉ុប អូស្ត្រាលី និងអាមេរិក បានស្នើនិង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​ដូច​ដើម​វិញ​នូវ​ចំណាត់​ការ​ថ្មីៗ​របស់​ខ្លួន​ប្រឆាំង នឹង​គណបក្ស​សង្រ្គោះ​ជាតិ ដោះ​លែង​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ គឺ​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​នានា សង្គម​ស៊ីវិល ហើយ​នឹង​ប្រព័ន្ធ​ផ្សាយ ដើម្បី​រក្សា​នូវ​សកម្មភាព​ស្រប​ច្បាប់​របស់​ពួកគេ។ សហភាព​អឺរ៉ុប និង​ជប៉ុន​ជា​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​ធំៗ​បំផុត​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ខណៈ​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​ផ្តល់​ថវិកា​របស់​ខ្លួន​ចំពោះ គ.ជ.ប ​កាលពី​ចុង​ខែ​មុន​។ ​ក្នុង​ជំនួប​រវាង​លោក Dmitry Medvedev នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធរុស្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ១២ ខែ​វិច្ឆិកា​ក្នុង​ប្រទេស​ហ្វីលីពីន​ ថា ​រុស្ស៊ី​ ក៏បាន​​សន្យា​ថា ​នឹង​ផ្តល់​ជំនួយ​ដល់​ គ.ជ.ប និង​ត្រៀម​បញ្ជូន​អ្នក​សង្កេតការណ៍​មក​​ពិនិត្យ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​៕

No comments