(ស្ដែងៗមែន) បុរសជនបរទេស ២នាក់ ជិះម៉ូតូធំឌុបគ្នាបើកក្នុងលឿនជ្រុលមកបុកបុរសជនជាតិខ្មែរម្នាក់ ដែលកំពុងដើរឆ្លងផ្លូវទៅហាត់ប្រាណ បណ្ដាលឱ្យស្លាប់ភ្លាមៗ ទាំង ៣នាក់
រាជធានីភ្នំពេញ ៖ បុរសជនបរទេស ២នាក់ ជិះម៉ូតូធំ ១គ្រឿង ឌុបគ្នាបើកក្នុងលឿនជ្រុលមកបុកនិងបុរសជនជាតិខ្មែរម្នាក់ ដែលកំពុងដើរឆ្លងផ្លូវទៅហាត់ប្រាណ បណ្ដាលឱ្យស្លាប់ភ្លាមៗ ទាំង ៣នាក់ នៅនឹងកន្លែងកើតហេតុ នៅតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ៤ និង ៣០ ទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ហើយម៉ូតូក៏ខ្ទាតមកបុករថយន្តហាយឡែនឌ័រ ១គ្រឿង ដែលកំពុងចតនៅចិញ្ចើមផ្លូវខូចខាតផងដែរ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនបរទេស ២នាក់ បានជិះម៉ូតូធុនធំ ១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-5656 ឌុបគ្នាធ្វើដំណើរតាមមហាវិថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលមកបុកបុរសជនជាតិខ្មែរម្នាក់ដែលកំពុងដើរឆ្លងផ្លូវ ដើម្បីទៅហាត់ប្រាណ បណ្ដាលឱ្យម៉ូតូ និងមនុស្សខ្ទាតចេញពីគ្នាប្រហែលជា ១០០ម៉ែត្រ ធ្វើឲ្យបុរសជនជាតិខ្មែរបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសជនបរទេសទាំង ២នាក់នោះ ក៏បោកក្បាលស្លាប់ភ្លាមៗ ទាំង ២នាក់ ដូចគ្នា។
ចំណែកម៉ូតូរបស់ជនបរទេសនោះ ខ្ទាតមកបុកនិងរថយន្តហាយឡែនឌ័រ ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-2816 ដែលម្ចាស់ចតចោលនៅចិញ្ចើមផ្លូវ បណ្តាលអោយខូចខាតយ៉ាងដំណំទៀត។ សមត្ថកិច្ចបានដឹងដែរថា បុរសជនជាតិខ្មែរដែលជាជនរងគ្រោះមានឈ្មោះ ពូសុខ អាយុ ៦០ឆ្នាំ មុខរបរ ជាអ្នកដឹកខ្សាច់ ស្នាក់នៅម្តុំកន្លែងកើតហេតុក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយគ្រួសារក៏មកទទួលយកសពទៅធ្វើបុណ្យតាមប្រពិណី។ ចំណែកឯបុរសជនបរទេសដែលស្លាប់ទាំង ២នាក់នោះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចកំពុងទំនាក់ទំនងទៅស្ថានទូត ដើម្បីស្វែងរកក្រុមគ្រួសារអោយមកទទួលយកសពតាមប្រពៃណីរបស់គេ។ ក្រោយមក សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង និងយកម៉ូតូ រួមទាំងរថយន្តនៅកន្លែងកើតហេតុទៅរក្សាទុក រងចាំការដោះស្រាយតាមផ្លូវច្បាប់៕
- សូមទស្សនាវីឌីអូ៖
ប្រភព៖ FBTV
No comments