លម្អិត ពីប្រវត្តិរបស់ស្វាមី សុគន្ធ និសា ក្រោយបង្ហាញមុខជាសាធារណៈ
ពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់កំពូលតារាចម្រៀងស្រី សុគន្ធ និសា កំពុងដំណើរការក្រោមបរិយាកាសយ៉ាងអ៊ូអរបំផុតនៅព្រឹកនេះ ដោយមានវត្តមានសាច់ញាតិ ចាស់ទុំទាំងសងខាង និងមិត្តរួមអាជីពចូលរួមជាសាក្សី និងអបអរដល់គូស្វាមីភរិយាថ្មីមួយគូនេះ។
មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយបង្ហាញពីប្រវត្តិពិស្តាររបស់បុរសដែលមានសំណាងក្លាយជាគូអនាគតរបស់ស្រីស្អាតសំឡេងស្រទន់នេះនៅឡើយទេ។ ដូច្នេះប្រិយមិត្ត ពិសេសអ្នកគាំទ្រតារាចម្រៀងខាងលើចង់ដឹងទេថាស្វាមីរបស់សំណព្វចិត្តរូបនេះ មានប្រវត្តិការសិក្សា និងការងារយ៉ាងណា? បុរសដែលដឹកដៃ សុគន្ធ និសា ចូលរោងជ័យនាព្រឹកនេះ មានឈ្មោះថា ចៅ សម្បត្តិ ហៅ សាំបា ជាកូនខ្មែរកើតក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល ដែលមានឱកាសទៅរស់នៅសហរដ្ឋអាមេរិក ក្រោយចំណាយពេលនៅក្នុងជំរំជនភៀសខ្លួនកម្ពុជានាគ្រានោះ។ លោកមានឪពុកឈ្មោះ ចៅ សុខា និងម្ដាយឈ្មោះ នាង ស៊ីថា ជាជនជាតិខ្មែរ។ តាមប្រភពព័ត៌មានពីគណៈគ្រប់គ្រងប្រតិបត្តិ របស់ក្រុមហ៊ុន Manulife បានឲ្យដឹងថា លោក ចៅ សម្បត្តិ បានចូលបម្រើការងារដំបូងក្នុងក្រុមហ៊ុនខាងលើ នៅឆ្នាំ២០១៣ លើតំណែងជា Senior Director of Operations ហើយលោកទើបតែឡើងកាន់តំណែងជា "នាយកផ្នែកប្រតិបត្តិការ" ឬ “Chief Operations Officer” ក្នុងឆ្នាំ២០១៦កន្លងទៅប៉ុណ្ណោះ។ អាណិកជនរូបនេះចំណាយពេល២៤ឆ្នាំ រស់នៅ និងក្រេបជញ្ជក់យកចំណេះលើទឹកដីអាមេរិក។ នៅឆ្នាំ២០០១ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ "វិទ្យាសាស្ត្រនយោបាយ និង ទំនាក់ទំនងអន្តរជាតិ" នៅសាកលវិទ្យាល័យ Boston ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក។
លោក សម្បត្តិ គឺជាអតីតបុគ្គលិក ផ្នែកប្រតិបត្តិការអាជីវកម្មថ្មី នៅក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បី១នៅអាមេរិក ដែលមានឈ្មោះថា John Hancock ។ ក្រោយបំពេញការងារនៅទីនោះអស់រយៈពេល ៨ ឆ្នាំ លោកបានវិលមកកម្ពុជាវិញ ជាមួយបទពិសោធន៍ការងារជាច្រើនផ្សេងទៀត សរុបជាង១១ឆ្នាំ ទាំងអាមេរិកខាងជើង និងអាស៊ី ដើម្បីជំរុញបន្ថែមលើវិស័យហិរញ្ញវត្ថុខ្មែរឲ្យមានស្ថិរភាព និងរីកលូតលាស់ឡើង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ កំពូលតារាចម្រៀង សុគន្ធ និសា នាព្រឹកថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០១៧ ក្រោយសិក្សាចិត្តគ្នាអស់ពេល៦ឆ្នាំ៕











No comments