ពត៍មានថ្មីៗ

ពិតជាមានមោទនភាពណាស់ ! អាមេរិកផ្តល់ថវិកា៣៥ម៉ឺនដុល្លារ ​ដល់​មូលនិធិប្រាសាទពិភពលោក ​សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង ដំណាក់កាលទី៥

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបេតិក​ភណ្ឌវប្បធម៌ របស់ការិយាល័យកិច្ចការ វប្បធម៌ និងអប់រំ​ នៃក្រសួងការបរទេសអាមេរិក បានផ្តល់ជំនួយ​ថវិកា​ចំនួន ៣៥០,០០០ដុល្លារ ​ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង ដំណាក់កាលទី៥ ដែលថវិការនេះ បានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក សម្រាប់ការអភិរក្សវប្បធម៌។ នេះបើតាមសេចក្តីប្រកាស របស់ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។ ក្នុងសេចក្ដីប្រកាសដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៩ ដែលទទួលបានជំនួយនៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សម្រាប់ការអភិរក្សទីតាំងប្រវត្តិសាស្រ្តបុរាណ តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំ ​នៃមូលនិធិឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ​សម្រាប់ការអភិរក្សវប្បធម៌រួមមាន៖ ប្រទេសប៊ូលីវី មីយ៉ាន់ម៉ា អ៊ីស្រាអែល ម៉ិចហ្សិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ។ ​ជាការពិតណាស់ ប្រាសាទភ្នំបាក់ខែង គឺជាប្រាសាទដែលចាស់ជាងគេ​ក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏​អស្ចារ្យ​បំផុតមួយរបស់ពិភពលោក។



   

 

តាំងពីឆ្នាំ២០០៨មក គម្រោងអភិរក្សប្រាសាទភ្នំបាក់ខែង បានផ្តោតលើការធ្វើឲ្យសំណង់មានលំនឹង និងការទប់មិនឲ្យលិចទឹក នៅចំហៀងខាងកើត នៃប្រាសាទកណ្តាល រួមបញ្ចូលទាំងសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។ ដំណាក់កាលទី៥ របស់​គម្រោង​នឹងបង្ហើយការជួសជុល ពេញលេញទៅលើចំហៀងខាងកើត ​នៃប្រាសាទកណ្តាល ស្របតាមគម្រោងប្លង់​ជួស​ជុល ដែលត្រូវបានកំណត់ច្បាស់នៅដំណាក់កាលមុនៗ។ គម្រោងដំណាក់កាលទី៥ នៃអន្តរាគមនេះនឹងធ្វើឲ្យមានឡើងវិញ ​នូវ​ភាព​ដើម​នៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក ដោយប្រើសម្ភារបុរាណផង ទំនើបផង។ គម្រោងនេះ​មាន​បំណងជំរុញឲ្យ បានច្រើនដល់ចក្ខុវិស័យនៃផែនការមេ​ក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែង ដែលត្រូវបាន​កំណត់ នៅឆ្នាំ២០០៧ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានរៀចំកម្មវិធីអភិរក្ស ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សារា និងអ្នកជំនាញ​នៃអអង្គការ UNESCO ដែលធ្វើការជួបប្រជុំគ្នាទៀងទាត់ តាមរយៈគណកម្មាធិការ សម្របសម្រួលអន្តរជាតិអង្គរ។



   

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បានបញ្ជាក់ឲ្យដឹងថា តាំងពីឆ្នាំ២០០៤មក អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានទទួលថវិកាជាង៣.២លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក សម្រាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។ អង្គការមូលនិធិនេះ គឺជាអង្គការឯករាជ្យឈានមុខគេ ដែលធ្វើការ​ដើម្បីសង្គ្រោះកន្លែង ដែលត្រូវបានគេផ្តល់តម្លៃឲ្យបំផុតក្នុងពិភពលោក។ អស់រយៈពេល៤៥ឆ្នាំហើយ​ អ្នកឯកទេសដែលមានជំនាញយ៉ាងខ្ពស់របស់អង្គការនេះ បាន​ប្រើបច្ចេកទេសដ៏មានប្រសិទ្ធភាព ដើម្បីធ្វើការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មសំខាន់ៗ​នានា នៅជុំវិញពិភពលោក។



 

មូលនិធិឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ​សម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើង ដើម្បីអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ ក្រៅពីប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទាំងបានផ្តល់អំណោយថវិកា ដើម្បីជួយអភិរក្សទីតាំង​បេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជា ប្រាសាទហាន់ជ័យ ​ក្នុងខេត្តកំពង់ចាម ប្រាសាទភ្នំដា នៅអង្គរបូរី ខេត្តតាកែវ ជាដើម។ ជំនួយសរុបរបស់សហរដ្ឋអាមេរិក ​សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជាមានចំនួន ៤,២៧២,៤៦៥​ដុល្លារ ដែលក្នុងចំនួននេះ ៣,៣២៦,៣៦៥ដុល្លារ ត្រូវបានផ្តល់ឲ្យតាមរយៈមូលនិធិ​ឯកអគ្គរដ្ឋ​ទូត​​សហរដ្ឋអាមេរិក ​សម្រាប់ការអភិរក្សវប្បធម៌។ សូមជម្រាបថា នៅថ្ងៃទី១១ ខែធ្នូម្សិលមិញ អាមេរិកទើបតែផ្ដល់ជំនួយថវិកាដល់កម្ពុជាចំនួន ៥៥,០០០ដុល្លារ ដើម្បីប្រើប្រាស់ក្នុងការងារអភិរក្សសម្លៀកបំពាក់ជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅសារមន្ទីរទួលស្លែង៕



 
 

ប្រភព៖ freshnews

No comments