(អញ្ចឹងសោះ)ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានតារាចម្រៀងល្បីៗ និយមពាក់កាសត្រចៀក រាល់ពេលឡើងឆាក?
កាសត្រចៀកត្រូវបានមនុស្សម្នាទូទៅនិយមប្រើប្រាស់ក្នុងការ សណ្តាប់បទចម្រៀង ឬវីដេអូកម្សាន្ត ដោយមិនចង់ឲ្យមានសម្លេងរំខានដល់អ្នកដទៃ។ បន្ថែមលើនេះ បើមិត្តអ្នកអាននិយមទស្សនា ការប្រគំតន្ត្រីធំៗ អ្នកប្រាកដជាធ្លាប់បានឃើញតន្ត្រីករ ឬ អ្នកចម្រៀងជាច្រើនដួង ឧស្សាហ៍ពាក់កាសត្រចៀក រាល់ពេលពួកគេឈានជើងឡើងមកសម្តែងម្តងៗ ដែលនេះបង្កប់នូវក្តីចម្ងល់មួយ ថាតើហេតុអ្វីបានជាពួកគេធ្វើបែបនេះ? តាមពិតទៅ កាសត្រចៀក ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចម្រៀង ព្រោះឧបករណ៍អេឡិចត្រូនិកមួយនេះ អនុញ្ញាតិឲ្យពួកគេអាចឮសម្លេងរបស់ខ្លួន បានច្បាស់ល្អ ចៀសវាងការច្រៀងខុសល្បឿន ឬចង្វាក់។ បើតាមដឹងរួចមកហើយ នៅក្នុងបរិវេណ Concert នីមួយៗ ត្រូវបានចូលរួមយ៉ាងកុះករពីសំណាក់ទស្សនិកជន ដែលបង្កនូវសម្លេងអ៊ូអរ ហ៊ោកញ្ជៀវ និងបង្កើតឲ្យមានការរំខានដល់ចំណាត់ការសម្លេងរបស់អ្នកចម្រៀង។
មិនតែប៉ុណ្ណោះ ពួកគេអាចចាញ់សម្លេងឧបករណ៍ប្រគំតន្រ្តី ហើយក្នុងពេលខ្លះ អាចធ្វើឲ្យពួកគេខំច្រៀងលឺៗ ឬស្រែកអស់ពីបំពង់ក និយាយឲ្យចំទៅ គឺមិនអាចគ្រប់គ្រងសម្លេងរបស់ខ្លួនបាន ប្រសិនបើមិនបានពាក់កាសទេនោះ។ ម៉្យាងវិញទៀត នៅតាមការប្រគំតន្ត្រីនីមួយៗ គឺមានលក្ខណៈខុសគ្នាទៅនឹង ការច្រៀងក្រៅឆាក ឬនៅក្នុងបន្ទប់ហាត់សម។ នៅបរិយាកាសហាត់សម គឺស្ងប់ស្ងាត់ និងគ្មានសម្លេងរំខាន ដែលអ្នកចម្រៀងទាំងឡាយទម្លាប់នឹងភាពបែបនេះណាស់។ រីឯកន្លែងប្រគំតន្ត្រីវិញ គឺមានលក្ខណៈ ខុសប្លែកទៅនឹងទម្លាប់រាល់ដងរបស់ពួកគេ ដូចនេះហើយ ការពាក់កាសត្រចៀក ធ្វើឲ្យអ្នកចម្រៀងទាំងអស់នោះ ទទួលអារម្មណ៍ ថាដូចក្នុងបន្ទប់ហាត់សមយ៉ាងអុីចឹងដែរ។ គួរបញ្ជាក់ថា កាសត្រចៀកមិនត្រឹមធ្វើឲ្យអ្នកចម្រៀងស្តាប់សម្លេងរបស់ខ្លួនច្បាស់ប៉ុណ្ណោះទេ តែវាអាចជួយកាត់បន្ថយសម្លេងបុកមកចេញពីមជ្ឈដ្ឋាននានា ដែលសម្លេងទាំងអស់នោះ អាចបង្កឲ្យមានបញ្ហាត្រចៀកផងដែរ៕
No comments