ទាញអាកាបម្រុងបាញ់ តែស៊យបាញ់មិនចេញ ត្រូវក្រុមក្មេងស្ទាវ វាយឲ្យបែកក្បាល(មានវីឌីអូ)
ភ្នំពេញៈ ក្រុមក្មេងស្ទាវ២នាក់ បានវាយបុរសម្នាក់ បណ្ដាលឲ្យបែកក្បាលហូរឈាមជោកខ្លួន ហើយគេចខ្លួនបានសម្រេចនៅពេលជនរងគ្រោះទាញកាំភ្លើងអាកាបម្រុងបាញ់តបតវិញ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩៖៥០នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ភាគីទាំងពីរមានជម្លោះដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះ បានជិះម៉ូតូបត់ចូលប៉ុស្តិ៍យាមមុខស្ថានទូតវៀតណាម ដោយមិនបានមើលក្រោយ ប៊ិះបុកម៉ូតូរបស់ក្មេងស្ទាវ២នាក់ ហើយក៏ស្រែកជេរ និងគំរាមបាញ់ទៅលើពួកក្មេងស្ទាវនោះទៀត ស្រាប់តែយុវជនទាំង២នាក់នោះ ជិះត្រឡប់មកវិញ ហើយវាយបែកក្បាលហូរឈាមតែម្ដង។ ពេលនោះ ជនរងគ្រោះបានរត់មកទាញកាំភ្លើង AK នៅប៉ុស្តិ៍យាមដើម្បីបាញ់គូជម្លោះវិញ ប៉ុន្តែត្រូវបានក្រុមក្មេងស្ទាវគេចខ្លួនទាន់។
ក្រោយពេលក្រុមក្មេងស្ទាវចេញពីកន្លែងកើតហេតុ ជនរងគ្រោះបានទៅព្យាបាលរបួសដោយខ្លួនឯង រីឯសមត្ថកិច្ចក៏មិនឃើញទៅរំខានបន្តិចសោះឡើយ ហើយមានការលើកឡើងថា ជនរងគ្រោះអាចជាអ្នកយាមប្រចាំការនៅប៉ុស្តិ៍ការពារស្ថានទូតវៀតណាម ព្រោះរូបគេបានរត់មកយកកាំភ្លើង ដោយស្រួលៗក្នុងបំណងបាញ់តបតក្រុមក្មេងស្ទាវ៕
No comments