កាលធ្វើកម្មកររោងចក្រមុខអាក្រក់គេរើសអើង ក្រោយកែសម្ផស្សសូម្បីតែម្ដាយក៏ចាំមិនបាន..(មានវីឌីអូ)
បុរសជនជាតិថៃវ័យក្មេងម្នាក់ បានធ្វើឲ្យម្ដាយភ្ញាក់ផ្អើលរំជួលចិត្តនិយាយមិនចេញជាមួយមុខមាត់ថ្មីដ៏ស្រស់សង្ហា បន្ទាប់ពីកែសម្ផស្សជាច្រើនដងក្នុងកម្មវិធីទូរទស្សន៍ Let Me In Thailand ដែលទិញសិទ្ធិពីកូរ៉េខាងត្បូង និងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃ វ៉ើកផយ (Workpoint)។
កូនប្រុសនេះមានឈ្មោះ ណុបចិត អាយុ ២២ឆ្នាំ ជាកម្មកររោងចក្រ តែងតែមានក្ដីសុបិនចង់បានការផ្លាស់ប្ដូរមុខមាត់ពីចង្កាវៀចដែលធ្វើឲ្យគាត់ពិបាកទំពារអាហារ និងមានស្នាមអុចខ្មៅពេញមុខ។ លោកមានការខ្មាសអៀននឹងសម្រស់មិនប្រក្រតីរបស់ខ្លួន ណុបចិត តែងតែនៅឲ្យឆ្ងាយពីមិត្តរួមការងារ និងហូបបាយតែម្នាក់ឯងពេលម៉ោងសម្រាក។ លោក ណុបចិត ត្រូវបានគេជ្រើសរើសឲ្យទទួលការវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូង សម្រាប់កម្មវិធី Let Me In រដូវកាលទីបីដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ ដើម្បីបំពេញបំណងតាមការចង់បានរបស់ខ្លួន គេទទួលបានការវះកាត់ថ្គាម ថ្ងាស ភ្នែក និងការព្យាបាលស្បែកកម្ចាត់ស្នាមជាំអុចខ្មៅ។ បន្ទាប់ពីសម្ងំព្យាបាលរយៈពេល ៣ខែនៅកូរ៉េ លោកណុបចិត មានគម្រោងជួបម្ដាយរបស់ខ្លួនជាលើកដំបូងនៅភោជនីយដ្ឋានសំណព្វចិត្តពួកគេ។ អ្នករៀបចំកម្មវិធីបានឲ្យម្ដាយអង្គុយម្នាក់ឯង ហើយកូនប្រុសគាត់ទៅអង្គុយក្បែរនោះ តែគាត់ហាក់មិនអាចចំណាំកូនប្រុសខ្លួនបានឡើយ។ អ្នករៀបចំបានបំពាក់មេក្រូឲ្យគាត់បញ្ចេញអារម្មណ៍ចំពោះកូន គាត់និយាយថា “ខ្ញុំនឹកកូនខ្លាំងណាស់។ ខ្ញុំមិនមែនសម្ដែងទេ”។ រួចទឹកភ្នែកចាប់ផ្ដើមហូរខ្លាំង។ បន្តិចក្រោយមក កូនប្រុសអង្គុយក្បែរនោះ បានស្ទុះងើបចេញពីកៅអីដើរសំដៅទៅរកម្ដាយទាំងញញឹមញញែម។ ម្ដាយចាប់ផ្ដើមយំទាំងក្ដុកក្ដួល។ កូនបានសួរម្ដាយថា “ម៉ាក់ ម៉ាក់ចំណាំកូនបានទេ? មើលមកខ្ញុំមើល៍។ ម្ដាយឆ្លើយថា “តើពិតជាកូនប្រុសមែនទេ? ដំបូងម្ដាយហាក់មិនសូវជឿទាំងស្រុងទេ ទោះកូនប្រុសនេះនិយាយឆ្លើយឆ្លងជាមួយក៏ដោយ។ ម្ដាយបានសុំមើលស្លាកស្នាមដៃ និងជើង ទើបជឿទាំងស្រុងតែម្ដង។
សូមទស្សនាវីដេអូខាងក្រោម៖
No comments