ពត៍មានថ្មីៗ

បុរសវៀតណាម សុខចិត្តចិញ្ចឹមទារក ជាង១០០នាក់ ក្រោយជួបរឿងមួយ នៅមន្ទីរពេទ្យ

ស្រប​ពេល​ដែល​មនុស្ស​ពេញ​វ័យ ប្រលូក​រឿង​រួមភេទ​មុន​ពេល​រៀបការ​ច្រើន ហើយ​គូ​ស្វាមី​ភរិយា​មួយ​ចំនួន មាន​កូន​ដោយ​មិន​បាន​រំពឹង​ទុក ធ្វើ​ឲ្យ​ចំនួន​ទារក​ដែល​គេ​មិន​ចង់​បាន កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក។ ចំពោះ​ស្ត្រី​មួយ​ចំនួន ការ​រំលូត​កូន គឺ​ជា​ចម្លើយ​តែ​មួយ​គត់ សម្រាប់​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។


ការ​រំលូត​កូន គឺ​ស្រប​ច្បាប់ និង​ជា​សេវា​របស់​រដ្ឋាភិបាល នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​អាច​រក​បាន​តាម​ការ​ស្នើសុំ។ ក្រៅ​ពី​ការ​ពន្យារ​កំណើត ជាទូទៅ​ការ​រំលូត​កូន គឺ​ជា​មធ្យោបាយ​មួយ​សម្រាប់​ប្រទេស​ខ្លះ ដើម្បី​ទប់​ស្កាត់​ចំនួន​ប្រជាជន។ នៅ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​វិញ អត្រា​នៃ​ការ​រំលូត​កូន​គឺ​ខ្ពស់​ណាស់ រហូត​ដល់​ទៅ ៨០ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​អាស៊ី​ដទៃ​ទៀត។ ក្នុង​ចំណោម​ស្ត្រី​វៀតណាម អត្រា​នៃ​ការ​រំលូត​កូន គឺ ៨៣នាក់​ក្នុង​ចំណោម ១ ០០០នាក់ ហើយ​ស្ត្រី​វៀតណាម​ជា​មធ្យម​ធ្វើ​ការ​រំលូត​កូន ២,៥នាក់ នៅ​ក្នុង​ជីវិត​នៃ​ការ​បន្ត​ពូជ​របស់​ពួក​គេ។

លោក Tong Phuoc Phuc ដែល​ជា​អ្នក​ម៉ៅការ​សំណង់ ជនជាតិ​វៀតណាម មិន​អាច​ទប់​អារម្មណ៍​របស់​ខ្លួន​បាន​ទេ នៅ​ពេល​ឃើញ​ម្ដាយ​វ័យ​ក្មេង បោះបង់​កូន​ចោល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ដែល​លោក​បាន​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ កាល​ពី​ឆ្នាំ២០០១។ លោក​បាន​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ រួច​ដើរ​ចេញ​មក​វិញ ទាំង​ក្បាល​ពោះ​រាប​ស្មើ ប៉ុន្តែ​មិន​មាន​ទារក​មក​ជាមួយ​ឡើយ។ ភ្លាម​នោះ លោក Tong បាន​ដឹង​ថា ស្ត្រី​ទាំង​នោះ​មក​ដើម្បី​រំលូត​កូន។ មិន​យូរ​ប៉ុន្មាន លោក Tong បាន​សម្រេច​ចិត្ត​ធ្វើ​ទង្វើ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។



អ្នក​ម៉ៅការ​សំណង់​រូប​នេះ បាន​ស្នើសុំ​អាជ្ញាធរ​វៀតណាម ដើម្បី​អនុញ្ញាត​ឲ្យ​ខ្លួន អាច​បញ្ចុះ​សព​យ៉ាង​សមរម្យ​ដល់​ទារក​ដែល​គេ​រំលូត​ចោល​។ នៅ​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម បាន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដូច្នេះ លោក Tong បាន​ជ្រើសរើស​កន្លែង​មួយ នៅ​លើ​កំពូល​ភ្នំ ដែល​មាន​ឈ្មោះ​ថា Hon Thom ស្ថិត​នៅ​ក្នុង​ទីក្រុង Nha Trang ដោយ​លោក​បាន​បញ្ចុះ​សព​ទារក ជាង ១០ ០០០នាក់​ហើយ ក្នុង​រយៈពេល ១៥ឆ្នាំ​មក​នេះ។

 
ទង្វើ​របស់​លោក Tong បាន​ជំរុញ​ឲ្យ​ស្ត្រី​ជា​ច្រើន ស្នើសុំ​ឲ្យ​លោក​ជួយ។ ជំនួស​ឲ្យ​ការ​រំលូត និង​បោះបង់​ទារក​ចោល ពួកគេ​បាន​ស្នើសុំ​ឲ្យ​លោក Tong មើល​ថែរក្សា​ទារក​ទាំង​នោះ​ជំនួស​វិញ។ ដំបូង​ឡើយ លោក Tong មាន​ការ​ស្ទាក់ស្ទើរ​ខ្លាំង​ណាស់ ដោយ​ដឹង​ថា ខ្លួន​មិនមែន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ ហើយ​ការ​ថែរក្សា​កូន​ក្មេង​រាប់​រយ​នាក់ មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។
យ៉ាងណាមិញ បន្ទាប់​ពី​រឿងរ៉ាវ​របស់​លោក Tong ត្រូវ​បាន​រីក​រាល​ដាល​ពាសពេញ​ប្រទេស​វៀតណាម​មក មាន​មនុស្ស​ជាច្រើន​បាន​ជួយ​ដល់​លោក Tong ដើម្បី​អាច​បន្ត​មើល​ថែរក្សា និង​ចិញ្ចឹម​បី​បាច់​កុមារ​ទាំង​នោះ។ បច្ចុប្បន្ន​នេះ លោក​ជា​ឪពុក​កូន​ក្មេង​ជាង ១០០នាក់៕



No comments