ធនាគារពិភពលោកព្រមានពីហានិភ័យនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨
បាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ប្រចាំឆមាស របស់ធនាគារពិភពលោក ផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ព្រមានថា ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ និងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសចិន អាចបង្កនូវហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ សម្រាប់ឆ្នាំ២០១៧ របាយការណ៍របស់ធនាគារពិភពលោកដដែលនេះ ឲ្យដឹងថា ដោយសារតែកំណើននៃការនាំចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី បរិក្ខារ និងគ្រឿងបន្លាស់យានយន្ត បានជួយឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រក្សាបាននូវភាពរឹងមាំ តែមានការថយចុះតិចតួចមកនៅត្រឹម ៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានអត្រា ៧%។ យ៉ាងណាក៏ដោយ របាយការណ៍ព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចកើនឡើងដល់ ៦,៩% ក្នុងឆ្នាំ២០១៨ នេះ។ របាយការណ៍កត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌដទៃទៀត មានបរិមាណមធ្យម ក៏ប៉ុន្តែ ទស្សនវិស័យរយៈពេលមធ្យមនៅតែមានភាពវិជ្ជមាន ដោយសារតែកំណើនលើការនាំចេញទំនិញច្រើនប្រភេទ និងលំហូរចូលល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស។
អ្នកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកថា កម្ពុជា ចាំបាច់ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ដែលជួយដោះស្រាយចំពោះថ្លៃចំណាយខ្ពស់លើអគ្គិសនី និងភស្តុភារ ព្រមទាំងគម្លាតនៃជំនាញ ដើម្បីទទួលបានជោគជ័យក្នុងការបង្កើនការវិនិយោគ និងពង្រីកការនាំចេញទំនិញច្រើនប្រភេទ។ របកគំហើញសំខាន់ៗ ដែលរបាយការណ៍រកឃើញរួមមាន អតិផរណានៅរក្សាសភាពមធ្យម ដែលឆ្លុះបញ្ចាំងឲ្យឃើញថា តម្រូវការប្រើប្រាស់ក្នុងស្រុកមានភាពថមថយ ខណៈកំណើនក្នុងវិស័យសំណង់មានការធ្លាក់ចុះ ហើយសន្ទុះកំណើនឥណទានក្នុងស្រុកក៏ស្រុតចុះបន្តិចវិញដែរ។ របាយការណ៍ផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវផ្ដល់នូវការគាំទ្របន្ថែមទៀតដល់កសិករ ដែលទទួលរងផលប៉ះពាល់ដោយសារតែតម្លៃកសិផលធ្លាក់ថ្លៃ ហើយកំពុងខិតខំស្វែងរកឱកាសប្រសើរជាងនេះ ដើម្បីចូលទៅកាន់ទីផ្សារ និងបង្កើនផលិតកម្មឲ្យបានច្រើនប្រភេទ។ ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងតែមួយថ្ងៃក្រោយពេលប្រទេសស៊ុយអែត ប្រកាសជាផ្លូវការផ្ដាច់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ខណៈសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា ក្រោយពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចរម្លាយគណបក្សសង្គ្រោះជាតិ និងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តមកលើក្រុមអ្នកប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មកដល់៕
ប្រភព៖ http://www.rfa.org
No comments