ចប់បាត់! ឡិចស៊ីសស៊េរីទំនើប 570 តម្លៃជាង២០ម៉ឺនដុល្លារទើបទិញមិនទាន់កិបលេខផង ឥលូវខ្ទេចអស់
ខេត្តបាត់ដំបង៖ រថយន្តម៉ាកឡិចស៊ីស 570 មួយគ្រឿងស៊េរីឆ្នាំ២០១៨មួយគ្រឿងរងការខូចខាតយ៉ាងខ្លាំង ដោយសារបុកជាមួយនឹងរថយន្តដឹកប្រេងឥន្ទនៈ ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ តាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៨ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ ស៊ុម សុផាត អាយុ៥០ឆ្នាំ នៅភូមិ៤ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរពីលិចទៅកើត រីឯរថយន្តម្ខាងទៀតជារថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ4A-4032 បើកបរដោយបុរសម្នាក់ឈ្នោះជីម ប៊ុនលៀង អាយុ២៩ឆ្នាំ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច។
សមត្ថកិច្ចបានបញ្ជាក់ថា បើតាមពិនិត្យស្លាកស្នាមជាក់ស្ដែង រថយន្តដឹកប្រេងនេះទំនងជាជ្រុលចង្កូតទៅបុករថយន្តម៉ាកឡិចស៊ីស៥៧០ ដោយសារឡើងជែងរថយន្តមួយគ្រឿងទៀតមិនផុត។ រថយន្តទាំង២បានរងការខូចខាតផ្នែកខាងមុចដូចគ្នា តែរថយន្តឡិចស៊ិសធ្ងន់ធ្ងរជាង ហើយថែមទាំងរបួសស្ត្រីម្នាក់ ដែលជិះក្នុងរថយន្តឡិចស៊ិសនោះផង។ សាក្សីនៅកន្លែងកើតហេតុបាននិយាយប្រាប់សមត្ថកិច្ចថា រថយន្តទាំង២គ្រឿងពិតជាធ្វើដំណើរបញ្ច្រាសទិសគ្នាមែន តែគេឃើញរថយន្តដឹកប្រេងបានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបនោះទាំងកំរោល។ ប្រភពដដែលបានបញ្ជាក់ថា នៅកន្លែងកើតហេតុនោះមានរថយន្តពេទ្យមួយគ្រឿងខូចមិនទៅមុខឆេះហុយតែផ្សែង ហើយឈប់លើចិញ្ចើមថ្នល់។ ពេលបើកដល់ចំណុចនេះគេឃើញរថយន្តដឹកប្រេងបានព្យាយាមបើកឡើងជែងរថយន្តដែលឆេះហុយតែផ្សែងនោះ តែឡើងមិនផុតក៏ជ្រុលទៅបុករថយន្តឡិចស៊ិសដែលបើកមកដល់ទីនោះទាំងកំរោលបណ្ដាលឲ្យខូចខាតផ្នែកខាងមុខ និងធ្វើឲ្យស្ត្រីម្នាក់ដែលជិះរថយន្តឡិចស៊ិសរងរបួសស្រាល៕



No comments