ម៉ៃ សុគន្ធ ហៅ លោកខេម ថា «អាកូនស្វា Kh» ព្រោះតែបទ «គ្រូបង្រៀនស្រវឹងស្រា» ត្រូវបានក្រសួងផ្អាក មិនឲ្យចាក់ផ្សាយ
(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀង «គ្រូបង្រៀនស្រវឹងស្រា» របស់ផលិតកម្មថោន ត្រូវបានក្រសួងព័ត៌មាន ចេញសេចក្តីប្រកាស ហាមមិនឲ្យមានការចាក់ផ្សាយ នៅលើបណ្តាញផ្សព្វផ្សាយនានា បន្ទាប់ពីមានការរិះគន់ពីមហាជននោះ ភ្លាមៗនេះដែរ គេសង្កេតឃើញមានតារាចម្រៀងប្រុសពីររូប គឺលោក ករុណា ពេជ្រ និង ខេម បានបង្ហាញប្រតិកម្មមួយចំនួន ចំពោះរឿងនេះ ដោយបានសង្កត់ធ្ងន់ថា ការរិះគន់ពុំមានមូលដ្ឋានច្បាស់លាស់។ ចំពោះប្រតិកម្មរបស់តារាប្រុសលោក ករុណា ពេជ្រ កាលនោះ បានលើកឡើងថា ករណីក្រសួងបិទបទ «គ្រូបង្រៀនស្រវឹងស្រា» គឺកើតឡើង ព្រោះតែជម្លោះបុគ្គលពីររូបប៉ុណ្ណោះ ពោលគឺរវាងអ្នកនិពន្ធ និងអ្នកសារព័ត៌មាន រហូតមានការឆ្កឹះឆ្កៀល ដល់ថ្នាក់លើ បណ្តាលឲ្យមានការហាមប្រាមបទនេះ មិនឲ្យចាក់ផ្សាយ។ ដោយឡែក បើងាកមកមើល តារាចម្រៀងលោក ខេម ឯណេះវិញ ក៏បាននិយាយដោយមិនអស់ចិត្តដែរថា «បើច្រៀងរឿងពិត ជូនដល់សង្គម គឺវាខុស តែបើច្រៀងបំពុលសង្គម មិនខុស ហើយល្បីទៀត»។
តាមរយៈពាក្យសម្តីប៉ុន្មានឃ្លាខាងលើ ដែលត្រូវបានតារាចម្រៀង ខេម លើកឡើងនេះ បានធ្វើឲ្យតារាចម្រៀងលោក ម៉ៃ សុគន្ធ បញ្ចេញប្រតិកម្មតបវិញថា «កុំខឹងគ្រូម្នាក់ វាយក្បាលគ្រូទូទាំងប្រទេស ហើយកុំឆ្ងល់អីណា អាកូនស្វា Kh។ កុំឆ្ងល់អីអូន (កូនស្វាKh) មកពីអូនគិតរ៉ាក់ពេក ខឹងគ្រូម្នាក់ កុំមកសំពងក្បាលគ្រូ ទូទាំងប្រទេស!»។ សូមបញ្ជាក់ថា ក្រោយពេលផ្ទុះការរិះគន់ជាច្រើន លើការចេញផ្សព្វផ្សាយ នូវបទចម្រៀងថ្មីរបស់ផលិតកម្ម ថោន «គ្រូបង្រៀងស្រវឹងស្រា» រហូតមានការស្នើសុំ ឲ្យក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការ លើរឿងនេះ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសហាមមិនឲ្យមានការចាក់ផ្សាយ នៅលើបណ្តាញផ្សព្វផ្សាយនានា តទៅទៀតឡើយ។ បទចម្រៀង «គ្រូបង្រៀងស្រវឹងស្រា» ដែលត្រូវបានមហាជនរិះគន់ និងក្រសួងព័ត៌មានប្រកាស ហាមមិនឲ្យមានការចាក់ផ្សាយ នៅលើបណ្តាញផ្សព្វផ្សាយនានានេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក យឹម តាស្រង់ និងច្រៀងដោយតារាចម្រៀង ចេន សាយចៃ៕
No comments