ពត៍មានថ្មីៗ

(ពិតជាល្អមែន)ចង់ដឹងអត់ ប្រជាពលរដ្ឋប៉ុន្មានគ្រួសារមានទឹកស្អាតប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ ?

នេះជាលើកទី២ហើយ ដែលក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាបានរៀបចំសន្និសីទ និង ពិព័រណ៍ទឹកស្អាតកម្ពុជានេះឡើង ក្រោមប្រធានបទ «បង្កើនការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និង តម្លៃសមរម្យ»ប្រព្រឹត្តទៅកាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ដែលទទួលបានទឹកស្អាតប្រើប្រាស់មានចំនួនរហូតដល់ទៅ ២.៣០០.០០០គ្រួសារ ។



 





នៅក្នុងឱកាសនោះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម មានប្រសាសន៍ថា ការរៀបចំសន្និសីទ និង ពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី២នេះ ធ្វើឡើងក្នុង គោលបំណងកៀងគរ និង ផ្តល់ឱកាសដល់អ្នក ពាក់ព័ន្ធក្នុងវិស័យទឹកស្អាតទាំងសាធារណៈ និង ឯកជន ចូលរួម​ពិភាក្សា និង ស្វែងរកនូវគំនិត ឬវិធីសាស្ត្រថ្មីៗរួមគ្នា ដើម្បីបង្កើននូវការទទួល បានសេវាទឹកស្អាត ស្របតាម យុទ្ធសាស្រ្ត ចតុកោណ​ដំណាក់​កាល​ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការជំរុញការអភិវឌ្ឍ និង គ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ផលិតកម្ម សេវាកម្ម ប្រកបដោយគុណភាព និរន្តរភាព និង តម្លៃសមរម្យ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេស កាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីប្រជុំជន ជាយក្រុង និង ជនបទ។



 



ឯកឧត្តម ទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និង សិប្បកម្ម សម្រេចបាននូវសមិទ្ធផលនៃការធ្វើកំណែទម្រង់ ដែលទាក់ទង​ទៅនឹងរបត់មួយថ្មីក្នុងវិស័យទឹកស្អាតឱ្យកាន់តែ​ល្អប្រសើរ ដោយផ្តល់ការយកចិត្តទុកដាក់ខ្ពស់ គិតគូរដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានចំណូលទាប ហើយមានការប្រើប្រាស់ទឹកស្អាត ក្នុងកម្រិតទាបបំផុត ដែលបញ្ហានេះត្រូវបានពិចារណា និង ពិនិត្យថ្លៃដើមទឹកស្អាតឡើងវិញ ដោយត្រូវកំណត់ថ្លៃលក់ទឹកស្អាត ទៅតាមបរិមាណប្រើប្រាស់ទឹក សំដៅធានាជួយដល់ប្រជាពលរដ្ឋក្រីក្រអាចទទួលបាន នូវសេវាទឹកស្អាត ប្រកប​ដោយ​គុណភាព និង តម្លៃសមរម្យ ស្របតាមកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងការកំណត់ថ្លៃលក់ទឹកស្អាតថ្មី ដែលបានចាប់អនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ មក គឺជាជំហាននៃការកែទម្រង់ថ្មីមួយទៀតក្នុងវិស័យ​ទឹកស្អាត។



 

បើយោងតាមតួលេខដែលទទួលបានពីក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានឱ្យដឹងថា នៅមុនឆ្នាំ២០០៨ ក្រុមហ៊ុនឯកជន​វិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានតែ ៧៦ទីប្រជុំជន ប៉ុណ្ណោះ តែបច្ចុប្បន្ននេះ បានកើនដល់ ២២២ទីប្រជុំជន ។ ជាមួយគ្នានេះដែរ ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស អត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធ​បណ្តាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី៥២% នៅឆ្នាំ​២០០៨ ដល់ ៦៨,៥% នៅឆ្នាំ២០១២ និង ៨៦% នៅឆ្នាំ២០១៧ បើគិតជាចំនួនគ្រួសារ គឺទទួលបានទឹកស្អាតប្រើប្រាស់កើនឡើងដល់ ២.៣០០.០០០គ្រួសារ ៕



 

No comments