ពត៍មានថ្មីៗ

អស្ចារ្យុមែន ! សូមចូលរូមអប់អរសាទរប្រជាជនកម្ពុជាផង!!! មកដល់ហើយ ប្រព័ន្ធផ្លូវដែកនៅរាជធានីភ្នំពេញ...

 

ប្រទេសកម្ពុជា ដែលគេជឿថា អាចប្រឈមជាមួយនឹងការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំខាង មុខ បានអំពាវនាវដល់អង្គការជប៉ុន “ចៃកា” ឱ្យធ្វើការពន្លឿនការ- សិក្សាទៅលើប្រព័ន្ធផ្លូវដែក ក្នុងក្រុងរបស់ខ្លួន នៅក្រោមក្តីសង្ឃឹមថា គេអាចប្រើប្រាស់ផ្លូវនេះ ដើម្បីធ្វើជាជំនួយទៅដល់ការដឹកជញ្ជូន សាធារណៈនាពេលខាងមុខ…។ បច្ចុប្បន្ន ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញ កំពុងជួបបញ្ហា នៃការកកស្ទះស្ទើរតែរៀងរាល់ថ្ងៃ ហើយនេះវាមិនត្រឹមតែ ជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ មួយប៉ុណ្ណោះទេ តែវាក៏ជាកត្តា រារាំងដល់កិច្ចដំណើរការ នៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា ទាំងមូលផងដែរ នេះបើសិនជាពីពេលនេះ ទៅមុខពុំមាន ដំណោះស្រាយ និងការរៀបចំប្រកបដោយភាពឈ្លាសវៃ នូវប្រព័ន្ធដឹកជញ្ជូនសាធារណៈ មួយទុកជាមុនទេនោះ។



 

ប្រឈមជាមួយនឹងកត្តាខាងលើនេះ ប្រទេសកម្ពុជា ដែលមានការជួយឧបត្ថម្ភគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានអំពាវនាវដល់ក្រុមបេសកកម្មរបស់អង្គការ “ចៃកា” ឱ្យពន្លឿនការសិក្សារបស់ខ្លួនឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឱ្យការសាងសង់ប្រព័ន្ធដឹក ជញ្ជូនផ្លូវដែក ក្នុងទីក្រុងភ្នំពេញ អាចមានដំណើរការឆ្ពោះទៅមុខ ។ ថ្លែងក្នុងជំនួបទ្វេភាគីជាមួយគណៈប្រតិភូជប៉ុន កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា “កម្ពុជា សូមអំពាវនាវដល់ក្រុមបេសកកម្មរបស់អង្គការ “ចៃកា” ឱ្យពន្លឿនការសិក្សារបស់ខ្លួនឱ្យ បានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឱ្យការសាងសង់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ក្នុងទីក្រុងអាចមាន ដំណើរការឆ្ពោះទៅមុខ កាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រាប់ ការប្រកួតកីឡាអាស៊ានហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា ជាលើកដំបូង”។ កាលពីសប្តាហ៍មុន លោកម៉ាសាយ៉ូស៊ី តាកេហារ៉ា នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ អង្គការចៃកា ដែលបានមកដល់ទីក្រុងភ្នំពេញ បានបើកធ្វើការពិភាក្សាជាមួយលោកស៊ុន ចាន់ថុល ស្តីអំពីការបង្កើតគណៈកម្មាធិការសម្របសម្រួលរួម JCC ដែលដើរតួនាទីជាវេទិកា ក្នុងការធ្វើ សេចក្តីសម្រេចចិត្តសម្រាប់គម្រោងខាងលើនេះ។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវដែកភ្នំពេញ ដែលត្រូវបានគេស្គាល់ថា ជាគម្រោងប្រព័ន្ធ ប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ AGT នោះនឹងមានដាក់ឱ្យប្រើប្រាស់នូវរថភ្លើងលើអាកាសដំបូងគេ ដើម្បីធ្វើជាមធ្យោបាយក្នុងការដឹកជញ្ជូនសាធារណៈ ពីព្រោះថា មធ្យោបាយមួយនេះអាចដឹកមនុស្ស បានច្រើនបង្គួរ ហើយក៏អាចជួយធ្វើមិនឱ្យមានការកកស្ទះដែរ ដោយសារតែប្រព័ន្ធរថភ្លើងនេះ ខាងភាគីជប៉ុន បានផ្តល់គំនិតឱ្យមានការរៀបចំជាប្រព័ន្ធរថភ្លើងអាកាស ដែលមានលក្ខណៈផ្លូវ ដាច់ដោយឡែក។



 

កាលពីពេលកន្លងទៅ ការសិក្សាអំពីលទ្ធភាពកសាងប្រព័ន្ធរថភ្លើង ក្នុងទីក្រុងភ្នំពេញ ដោយអង្គការ JICA នេះ ត្រូវបានគេបង្ហើបឱ្យដឹងថា នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០១៧នេះ ប៉ុន្តែបើផ្អែកទៅលើការអំពាវនាវរបស់លោករដ្ឋមន្ត្រី គេយល់ថា គម្រោងនោះ គឺនៅមិនទាន់បាន ចាប់ផ្តើមអនុវត្តនៅឡើយទេ។ បណ្តាញផ្លូវដែក ដែលត្រូវបានបំផុសគំនិតដោយ ប្រព័ន្ធផ្លូវរថភ្លើងក្រោមដីរបស់ទីក្រុងបាងកក ត្រូវបានគេរំពឹងថា នឹងចំណាយថវិកាប្រមាណ៨០០លានដុល្លារអាមេរិក ជាមួយនឹងការធ្វើផ្លូវរត់ ចំនួន៣ខ្សែកាត់រាជធានីភ្នំពេញ តភ្ជាប់ព្រលានយន្តហោះ ជាមួយនឹងស្ថានីយរថយន្តក្រុងនៅតាម ជាយក្រុង ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ ខណៈដែលទីក្រុងភ្នំពេញ កំពុងមានកំណើនសេដ្ឋកិច្ចខ្លាំង។ ការវិនិយោគនេះបានពីទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន “ចៃកា” ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់ហិរញ្ញប្បទាន សម្រាប់កសាងខ្សែរថភ្លើងផ្លូវអាកាស ដំបូងគេនេះ។ គម្រោងផ្លូវរថភ្លើង នេះត្រូវបានគេដាក់ឈ្មោះថា “គម្រោងផ្លូវរថភ្លើងស្វ័យប្រវត្តិកម្មដឹកជញ្ជូន AGT មានស្ថានីយច្រើនជាង ១០ ដំណើរការដោយរថភ្លើង៣ខ្សែ ដែល ខ្សែនីមួយៗ អាចផ្ទុកមនុស្សបានចំនួន៣៣០នាក់។ នៅដំណាក់កាលដំបូង មជ្ឈមណ្ឌលនៅតំបន់ទីក្រុង ភាគខាងជើង ភាគខាងត្បូង និងភាគខាងលិច នឹងត្រូវបានតភ្ជាប់ ដោយក្នុងនោះ ខ្សែទី១ នឹងរត់កាត់តាមបណ្តោយមហាវិថី ព្រះមុនីវង្ស ពីខាងជើងទៅខាងត្បូង ខ្សែទី២ នឹងកាត់មហាវិថីព្រះមុនីវង្ស ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្បែរមហាវិថីសហព័ន្ធរុស្ស៊ី ខ្សែទាំង ពីរនេះនឹងត្រូវបានភ្ជាប់ទៅ នឹងស្ថានីយរថភ្លើងសំខាន់ៗក្នុងរាជធានីភ្នំពេញ។ ដោយឡែក ខ្សែទី៣ តាមគម្រោងនឹងភ្ជាប់ពីផ្សារកណ្តាល ទៅមហាវិថីមុនីរ៉េត តាមបណ្តោយផ្លូវវេងស្រេង ទៅកាន់រង្វង់មូលចោមចៅ និងពីចំណតរថយន្ត ចោមចៅ ទៅកាន់អាកាសយានដ្ឋានភ្នំពេញ ដែរ ហើយផ្លូវរថភ្លើងបន្ទាប់ ទៀតអាចនឹងត្រូវតភ្ជាប់ពីតំបន់ពាណិជ្ជកម្មថ្មីៗ ទៅតំបន់ជ្រោយចង្វា ដោយឆ្លងកាត់ដៃទន្លេសាប និង ផ្នែកខាងត្បូងឆ្ពោះទៅកាន់តំបន់កម្សាន្តថ្មី របស់រាជធានី។ ហើយរថភ្លើង១ខ្សែទៀត អាចរត់ឆ្លងកាត់ ផ្នែកខាងលិច នៃទីក្រុងភ្នំពេញ តភ្ជាប់គ្នាជារង្វង់ជាមួយ នឹងបណ្តាខ្សែរត់ខាងលើ។



 

បច្ចុប្បន្ន រាជធានីភ្នំពេញ ដែលមានប្រជាជន រស់នៅសរុបប្រមាណជាង២លាននាក់ ហើយនិង យានជំនិះយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ បាននិងកំពុង ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ជាញឹកញាប់រួចជា ស្រេចបណ្តើរៗហើយ។ ផ្អែកតាមការវាយតម្លៃ របស់ក្រុមអ្នកជំនាញ ចំនួនអ្នកប្រើប្រាស់ម៉ូតូ នៅ ក្នុងទីក្រុងនឹងមានការកើនឡើងពីប្រមាណ៥២,៤ ភាគរយនៅក្នុងឆ្នាំ២០១២ ដល់ទៅ៥៥,០៩ភាគរយ នៅក្នុងឆ្នាំ២០៣៥ ហើយដោយឡែក ចំពោះចំនួន អ្នកប្រើរថយន្តវិញនឹងមានការកើនពីប្រមាណ៩,៩ភាគរយនៅឆ្នាំ២០១២ ទៅដល់១៧,២ភាគរយ នៅ ក្នុងឆ្នាំដូចគ្នានោះ។ យោងតាមបទបង្ហាញរបស់សាលារាជធានីភ្នំពេញ កាលពីពេលកន្លងទៅបានឱ្យដឹងថា នៅឆ្នាំ២០១៦ ទីក្រុងភ្នំពេញ មានប្រជាជនសរុបរស់នៅចំនួនប្រមាណ២,១៤លាននាក់ ហើយ ចំនួននេះនឹងបន្ត មានការកើនឡើងច្រើនបន្ថែមទៀត រហូតដល់ទៅ ចំនួន២,៨៦លាននាក់នៅក្នុងឆ្នាំ២០៣៥ ខាងមុខ។ អាស្រ័យដោយ ការប៉ាន់ប្រមាណឃើញពីស្ថានភាពនៃកំណើនប្រជាពលរដ្ឋនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល ជាពិសេសសាលា រាជធានីភ្នំពេញរៀបចំនូវផែនការ ប្លង់មេនៃប្រព័ន្ធដឹក ជញ្ជូនសាធារណៈមួយឡើង សម្រាប់ជួយសម្រួល ទៅដល់ការធ្វើចរាចរ ដើម្បីបញ្ចៀសនូវការកកស្ទះ ដែលអាចកើតមានជាយថាហេតុនាពេលខាងមុខ។ កាលពីខែកក្កដា ឆ្នាំ២០១៧ លោកស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងធ្វើការរួមគ្នាជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនព្រលានយន្តហោះ ដើម្បីធ្វើការតភ្ជាប់រថភ្លើង ស្រាលចេញពីភ្នំពេញ ទៅព្រលានយន្តហោះ និងពីព្រលានយន្តហោះមកភ្នំពេញវិញ ហើយថា គម្រោងមួយនេះនឹងអាចដាក់ឱ្យដំណើរការ ជាផ្លូវការបាននៅក្នុងខែមេសា ឆ្នាំ២០១៨ ខាងមុខ។ សូមបញ្ជាក់ថា រថភ្លើងធុនស្រាលស្វ័យប្រវត្តិ ដែលដើរដោយប្រព័ន្ធបញ្ជាគ្មានអ្នកបើកបរនេះ បច្ចុប្បន្ន ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសជឿនលឿនមួយចំនួនទៀត នៅក្នុងតំបន់ ដោយសារតែវាបានផ្តល់នូវដំណោះស្រាយ ល្អបំផុតសម្រាប់សមត្ថភាពដឹកជញ្ជូនលក្ខណៈមធ្យម មិនមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ មានសុវត្ថិភាព និងភាពទៀងទាត់នៃពេលវេលា…”៕



 


 

ប្រភព៖ CAMNEWSTV1

No comments